1 Corinthians 9

1តើខ្ញុំ​គ្មានសេរីភាព​ទេ​? ​តើ​ខ្ញុំ​មិន​មែន​ជាសាវក​ទេ​? ​តើ​ខ្ញុំ​មិន​បាន​ឃើញ​ព្រះ​យេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ទេ​? ​តើអ្នករាល់គ្នា​មិន​មែន​ជាស្នាដៃរបស់ខ្ញុំនៅក្នុងព្រះអម្ចាស់​ទេ​? 2ទោះបីខ្ញុំ​មិនមែនជាសាវក​សម្រាប់​អ្នកដទៃក៏ដោយក៏​ខ្ញុំ​ជា​សាវក​សម្រាប់​អ្នករាល់គ្នា​ដែរ​ព្រោះអ្នករាល់គ្នាជាត្រាសំគាល់តួនាទី​ជា​សាវករបស់ខ្ញុំនៅក្នុងព្រះអម្ចាស់ 3ខ្ញុំសូម​ឆ្លើយការពារ​ទៅកាន់​ពួក​អ្នកដែល​កំពុង​ចោទប្រកាន់ខ្ញុំដូច្នេះថា 4តើយើង​គ្មានសិទ្ធិស៊ីផឹក​ទេ​? 5តើយើង​គ្មានសិទ្ធិនាំប្រពន្ធ​ដែល​ជា​អ្នក​ជឿ​ទៅ​ជាមួយ​ដូច​ជា​ពួក​សាវកផ្សេងទៀត​ដូចជា​បងប្អូនរបស់ព្រះអម្ចាស់និង​ដូចជា​លោក​កេផាស​ទេ​ឬ? 6តើខ្ញុំនិង​លោក​បារណាបាសគ្មានសិទ្ធិឈប់រកស៊ី​ចិញ្ចឹម​ជីវិតទេ​ឬ? 7មិនដែល​មាន​អ្នកណាធ្វើទាហាន​ហើយ​បើកប្រាក់ខែ​ពី​ខ្លួនឯងទេ​ក៏​មិន​ដែល​មាន​អ្នកណាដាំ​ទំពាំងបាយជូរ​នៅ​ចម្ការ​ហើយមិន​បាន​បរិភោគផ្លែវា​ដែរ​រួច​ក៏​មិន​ដែល​មាន​អ្នកណាឃ្វាលហ្វូងសត្វហើយមិន​បាន​ផឹកទឹកដោះ​របស់​វាឡើយ 8ខ្ញុំនិយាយ​សេចក្ដី​ទាំងនេះមិន​មែន​តាមបែបមនុស្សទេហើយ​តើ​គម្ពីរវិន័យមិន​បាន​និយាយ​អំពី​សេចក្ដី​ទាំងនេះដែរទេ? 9ដ្បិតនៅក្នុងគម្ពីរ​របស់​លោក​ម៉ូសេ​បាន​ចែងថា៖ ​«កុំឃ្លុំមាត់គោ​ពេល​កំពុង​បញ្ជាន់ស្រូវ»។ ​ព្រះជាម្ចាស់មិនខ្វល់​ពី​សត្វគោទេ 10ព្រះអង្គមានបន្ទូលដូច្នេះដោយព្រោះយើង​ទាំងអស់​គ្នាដ្បិត​មាន​សេចក្ដីចែង​ទុក​សម្រាប់យើងថាអ្នកភ្ជួររាស់គួរតែភ្ជួររាស់ដោយសង្ឃឹមរីឯអ្នកបញ្ជាន់ស្រូវ​គួរតែ​បញ្ជាន់​ដោយសង្ឃឹមថា​នឹង​ទទួល​បាន​ចំណែក 11បើយើងសាបព្រោះរបស់​ខាង​វិញ្ញាណ​ដល់​អ្នករាល់គ្នា​ហើយ​ច្រូតយក​របស់​ខាង​សាច់​ឈាមពីអ្នករាល់គ្នា​វិញ​តើ​ហួស​ហេតុ​ពេក​ឬ? 12បើអ្នកដទៃមានសិទ្ធិលើអ្នករាល់គ្នា​នោះ​តើ​យើងមិន​កាន់តែ​មាន​សិទ្ធិ​លើស​គេ​ទេ​ឬ​ក៏​ប៉ុន្ដែ​យើង​មិន​បាន​ប្រើសិទ្ធិនោះទេផ្ទុយទៅវិញ​យើង​ទ្រាំគ្រប់បែបយ៉ាងដើម្បីកុំ​ឲ្យ​យើង​ធ្វើ​ឲ្យ​មានឧបសគ្គណាមួយដល់ដំណឹងល្អ​របស់​ព្រះ​គ្រិស្ដឡើយ 13អ្នករាល់គ្នាមិន​ដឹង​ទេ​អីថា​ពួក​អ្នកធ្វើ​ការ​បម្រើ​ព្រះ​វិហារ​គេ​បរិភោគអាហារពី​ព្រះ​វិហារ​រីឯ​ពួក​អ្នករង់ចាំបម្រើកន្លែងថ្វាយតង្វាយ​គេ​ក៏​បាន​ទទួលចំណែកពីកន្លែងថ្វាយតង្វាយ​ដែរ 14ហើយព្រះអម្ចាស់​បាន​បង្គាប់ដែរថា​ពួក​អ្នកប្រកាសដំណឹងល្អ​ត្រូវ​រស់នៅដោយសារដំណឹងល្អ 15ប៉ុន្ដែខ្ញុំមិន​បាន​ប្រើ​សិទ្ធិ​ទាំងនេះទេហើយ​ខ្ញុំ​ក៏​មិន​បាន​សរសេរ​សេចក្ដី​ទាំងនេះដើម្បី​ឲ្យ​បាន​យ៉ាងនោះ​ដល់​ខ្ញុំ​ដែរ​ដ្បិតខ្ញុំ​សុខចិត្ដ​ស្លាប់ប្រសើរជាង​ឲ្យ​អ្នក​ណា​ម្នាក់​បង្ខូចកិត្ដិយសរបស់ខ្ញុំ 16ថ្វីបើ​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​ប៉ុន្ដែ​ខ្ញុំគ្មានអំនួតទេព្រោះ​ជា​កាតព្វកិច្ចដល់ខ្ញុំបើ​ខ្ញុំ​មិនប្រកាស​ដំណឹង​ល្អទេ​នោះ​ខ្ញុំ​វេទនា​ហើយ 17ព្រោះបើ​ខ្ញុំ​ធ្វើ​ការ​នេះ​ដោយ​ស្ម័គ្រចិត្ត​​នោះ​ខ្ញុំ​មានរង្វាន់ប៉ុន្ដែបើ​ធ្វើ​ដោយ​មិនស្ម័គ្រចិត្ត​វិញ​នោះ​នៅ​តែ​ជា​តួនាទី​ដែល​ត្រូវ​បាន​ផ្ទុកផ្ដាក់​ដល់​ខ្ញុំ 18ចុះរង្វាន់​របស់​ខ្ញុំ​នោះ​ជាអ្វី? ​គឺ​ឲ្យ​តែ​ខ្ញុំ​បាន​ប្រកាសដំណឹងល្អ​ដោយ​ឥតគិតថ្លៃដើម្បីកុំ​ឲ្យ​ខ្ញុំ​ប្រើសិទ្ធិ​របស់​ខ្ញុំនៅក្នុងដំណឹងល្អ 19ថ្វីបើខ្ញុំ​មិន​ត្រូវ​បម្រើ​មនុស្ស​ណា​មែន​ប៉ុន្ដែ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្លួនឯង​ត្រលប់ជា​បាវបម្រើ​ដល់​មនុស្ស​ទាំងអស់ដើម្បី​ឲ្យ​ខ្ញុំ​អាច​នាំ​សេចក្ដី​សង្គ្រោះ​ដល់​មនុស្ស​កាន់តែច្រើន 20នៅចំពោះ​ជនជាតិ​យូដា​ខ្ញុំ​ត្រលប់​ដូច​ជា​ជនជាតិ​យូដាដើម្បី​ឲ្យ​ខ្ញុំ​អាច​នាំ​សេចក្ដី​សង្គ្រោះ​ដល់​ជនជាតិ​យូដា​រួច​នៅ​ចំពោះ​ពួក​អ្នកនៅក្រោមគម្ពីរវិន័យ​ខ្ញុំ​ត្រលប់​ដូច​ជា​អ្នក​នៅក្រោមគម្ពីរវិន័យ​ទោះបី​ខ្ញុំមិននៅក្រោមគម្ពីរវិន័យ​ក៏ដោយ​គឺ​ដើម្បី​ឲ្យ​ខ្ញុំ​អាច​នាំ​សេចក្ដី​សង្គ្រោះ​ដល់​ពួក​អ្នកនៅក្រោមគម្ពីរវិន័យ 21នៅចំពោះ​ពួក​អ្នក​គ្មាន​ក្រឹត្យវិន័យ​ខ្ញុំ​ត្រលប់​ដូច​ជា​អ្នក​គ្មានក្រឹត្យវិន័យដើម្បី​ឲ្យ​ខ្ញុំ​អាច​នាំ​សេចក្ដី​សង្គ្រោះ​ដល់​ពួក​អ្នកគ្មានក្រឹត្យវិន័យ​(​ខ្ញុំ​មិនមែនរស់នៅ​ដោយ​គ្មានក្រឹត្យវិន័យ​របស់​ព្រះជាម្ចាស់ទេដ្បិត​ខ្ញុំ​នៅ​ក្រោម​ក្រឹត្យវិន័យ​របស់​ព្រះ​គ្រិស្ដ​) 22ខ្ញុំបាន​ត្រលប់ជាអ្នកទន់ខ្សោយនៅចំពោះ​ពួក​អ្នកទន់ខ្សោយដើម្បី​ឲ្យ​ខ្ញុំ​អាច​នាំ​សេចក្ដី​សង្គ្រោះដល់​ពួក​អ្នកទន់ខ្សោយ។ ​ខ្ញុំ​បាន​ត្រលប់ជាគ្រប់បែបយ៉ាងនៅចំពោះ​មនុស្ស​ទាំងអស់ដើម្បី​ឲ្យ​ខ្ញុំ​អាច​សង្គ្រោះ​មនុស្ស​ខ្លះ​បាន​ដោយ​មធ្យោបាយ​គ្រប់យ៉ាង 23ហើយខ្ញុំ​ធ្វើគ្រប់បែបយ៉ាងសម្រាប់ដំណឹងល្អដើម្បី​ឲ្យ​ខ្ញុំ​ត្រលប់ជាអ្នក​រួម​ចំណែក​នៅក្នុង​ដំណឹងល្អ 24អ្នករាល់គ្នាមិន​ដឹង​ទេថានៅក្នុងទីប្រណាំងអ្នករត់ប្រណាំង​គេ​រត់ទាំងអស់គ្នាមែនប៉ុន្ដែ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ទទួលបានរង្វាន់ដូច្នេះ​ចូរ​រត់ដើម្បី​ឲ្យ​បានរង្វាន់ចុះ 25កីឡាករគ្រប់គ្នា​ដែល​ប្រកួត​បាន​លត់ដំខ្លួនគ្រប់បែបយ៉ាងពួកគេ​ធ្វើ​ដូច្នេះដើម្បី​ឲ្យ​ទទួលបានមកុដ​ដែល​នឹង​ពុករលួយប៉ុន្ដែយើងវិញ​គឺ​ដើម្បី​ឲ្យ​ទទួល​បាន​មកុដ​ដែល​មិន​ពុករលួយ​ឡើយ 26ដូច្នេះខ្ញុំ​ក៏​រត់យ៉ាងដូច្នោះ​ដែរ​មិនមែនដូចជា​គ្មាន​គោលដៅទេខ្ញុំ​ក៏​ខំ​ប្រដាល់យ៉ាងដូច្នោះ​ដែរ​មិនមែនដូចជាដាល់ខ្យល់ទេ 27ខ្ញុំលត់ដំរូបកាយ​របស់​ខ្ញុំឲ្យ​ត្រលប់ជា​អ្នកបម្រើក្រែងលោ​ពេល​ខ្ញុំ​ប្រកាសដំណឹងល្អ​ដល់​អ្នកដទៃ​នោះ​ខ្ញុំ​ខ្លួនឯង​បែរជា​ត្រូវ​បាន​បដិសេធចោល​ទៅ​វិញ
Copyright information for KhmKCB